Syndicate content

តោះនិយាយ និងច្រៀងអំពីលុយ៖ យុទ្ធនាការថ្មី ជួយដល់មនុស្សជំនាន់ក្រោយរបស់កម្ពុជាឲ្យយល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ

Ratchada Anantavrasilpa's picture
Also available in: English
ធនាគារពិភពលោកចាប់ដៃគូរជាមួយមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា រៀបចំកម្មវិធីវិទ្យុ “តោះនិយាយពីលុយ” ដើម្បីជួយកសាងស្ថេរភាពហិរញ្ញវត្ថុនៅកម្ពុជា។
ការគ្រប់គ្រងហិរញ្ញវត្ថុដែលមានហានិភ័យក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយសហសវត្សរ៍ បានរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេស ជាពិសេស ក្នុងចំណោមក្រុមយុវជនអាយុចន្លោះពី ១៨ ដល់ ៣៥ឆ្នាំ។ ខណៈដែលពួកគេជាអតិថិជនដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុនិងធនាគារ អាកប្បកិរិយារបស់ពួកគេ ជាញឹកញយ ត្រូវបានឃុំគ្រងដោយការចាយវាយខ្ជះខ្ជាយ និងការខ្ចីលុយគេច្រើនហួសកំណត់។
 
ក៏ប៉ុន្តែ មនុស្សជំនាន់នេះ ក៏មានចំណេះដឹងច្រើនអំពីបច្ចេកវិទ្យាទំនើបផងដែរ ដោយស្គាល់យ៉ាងច្រើនអំពីបណ្តាញសង្គម ដូចជា ហ្វេសប៊ុក និងយូធូប វិទ្យុ ទូរទស្សន៍ អ៊ីនធើណេត និងទូរស័ព្ទទំនើប។ បណ្តាញទាំងនេះ មាននៅក្នុងតំបន់ទីក្រុងរួចហើយ និងកំពុងតែរីករាលដាលដល់តាមបណ្តាខេត្តនៅទូទាំងប្រទេស។ 
 
ដោយមើលឃើញបញ្ហានេះ យើងបានគិតដល់ “វិធីសាស្ត្រថ្មីមួយ” ក្នុងការជួយដោះស្រាយបញ្ហានេះ និងផ្សព្វផ្សាយដល់មនុស្សក្មេងៗឲ្យបានដឹង។ ការប្រើប្រាស់បណ្តាញសង្គម ក្រុមជំនាញផ្នែកហិរញ្ញវត្ថុនិងទីផ្សាររបស់ធនាគារពិភពលោក បានចាប់ផ្តើមធ្វើយុទ្ធនាការថ្មីមួយដែលមានឈ្មោះថា “តោះ ចូរយើងជជែកអំពីលុយ” ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមរបស់យើងក្នុងការកសាងស្ថេរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
 
ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រដោយមូលនិធិទំនុកចិត្តកូរ៉េ យើងមានបំណងចង់ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អតិថិជន និងផ្លាស់ប្តូរការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជា តាមរយៈកម្មវិធីវិទ្យុដែលមានឈ្មោះថា “តោះ ចូរយើងនិយាយពីលុយ”។ កម្មវិធីនេះ បានចាក់ផ្សាយទូទាំងប្រទេស ៣ដងក្នុងមួយសប្តាហ៍ ពីខែធ្នូ ឆ្នាំ ២០១៦ ដល់ ខែកុម្ភៈ ឆ្នាំ ២០១៧ តាមវិទ្យុស្ត្រី អេហ្វអឹម ១០២ និងតាមទំព័រហ្វេសប៊ុករបស់វិទ្យុនេះ។
 
កម្មវិធីវិទ្យុនេះ បានទាក់ទាញអ្នកស្តាប់បានជាង ១លាននាក់នៅទូទាំងប្រទេស។ នៅលើហ្វេសប៊ុក កម្មវិធីនេះ ទទួលបានអ្នកចុចមើលជាមធ្យម ៤.០០០ដង។ ណាណា ដែលជាឌីជេ កម្មវិធីនេះ គឺជាតារាវិទ្យុខ្មែរល្បីឈ្មោះម្នាក់ដែលមានអ្នកតាមមើលហ្វេសប៊ុករបស់គាត់ជាង ៥០០.០០០នាក់ និងស្វែងរកការគាំទ្រសម្រាប់ស្ត្រីដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រួសាររបស់ខ្លួន និងបង្កើតជម្រើសហិរញ្ញវត្ថុដែលសមហេតុផល។
 
សាររបស់កម្មវិធីនេះ បានផ្សព្វផ្សាយច្រើនដងទៅឆ្ងាយនិងគ្រប់ទិសទីក្នុងចំណោមពលរដ្ឋកម្ពុជា។ មានការលើកឡើងនូវសំណួរពិបាកជាច្រើនអំពីហិរញ្ញវត្ថុគ្រួសារ និងការគ្រប់គ្រងលុយ និងបានផ្តល់នូវចម្លើយជាក់ស្តែងជាច្រើនចំពោះសំណួរពិបាកៗទាំងឡាយទាក់ទងនឹងលុយ ដែលគ្រួសារកម្ពុជាកំពុងជួបប្រទះ។
 
បន្ទាប់ពីកម្មវិធីបានចាប់ផ្តើម យើងបានបង្វែរប្រធានបទចេញក្រៅថែមបន្តិចទៀត ដោយភ្ជាប់​ការជជែកគ្នាអំពីលុយជាមួយនឹងការច្រៀងចម្រៀងអំពីលុយ។ យើងបានអញ្ជើញលោក អូន ដែលជាតារាចម្រៀងវ័យក្មេងមានប្រជាប្រិយបំផុតនៅកម្ពុជា ឲ្យច្រៀងចម្រៀង “លុយ” គឺជាចម្រៀងច្រៀងអំពីលុយ។
អ្នកចម្រៀងដែលមានប្រជាប្រិយនៅកម្ពុជា លោក អូន បានជួយផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីវិធីនានាក្នុងការគ្រប់គ្រងលុយឲ្យបានល្អប្រសើរតាមរយៈចម្រៀងរបស់គាត់។
ចម្រៀងនេះ និយាយអំពីបទពិសោធន៍ផ្ទាល់របស់អ្នកចម្រៀង កំហុសរបស់គាត់ និងមេរៀនដែលគាត់ទទួលបាន។ ការរក្សាសារឲ្យងាយយល់និងមានលក្ខណៈកំប្លែង គាត់បានច្រៀងអំពីការគ្រប់គ្រងលុយ ការចំណាយច្រើនជាងចំណូល ការចៀសវាងខ្ចីលុយគេបើមិនចាំបាច់ និងការសន្សំលុយ។ 
 

វីដេអូចម្រៀងដែលបានផ្សព្វផ្សាយនៅខែឧសភា ឆ្នាំ ២០១៧ តាមហ្វេសប៊ុកនិងយូធូប ទទួលបានការចាប់អារម្មណ៍ភ្លាមៗនៅទូទាំងប្រទេស។ នៅត្រឹមខែមិថុនា ឆ្នាំ ២០១៧ វីដេអូនេះ មានអ្នកទស្សនាចំនួនជាង ១លានដង ដែលជាចំនួនមួយខ្ពស់ធៀបនឹងបទចម្រៀងពេញនិយមដទៃៗទៀតនៅក្នុងប្រទេសកម្ពុជា។

មានពលរដ្ឋជាង ៣០.០០០នាក់ បានចែកចាយវីដេអូចម្រៀងនេះបន្តនៅលើហ្វេសប៊ុក។ មានមនុស្សជាច្រើនបានបញ្ចេញមតិយោបល់ល្អៗចំពោះវីដេអូនេះ ដោយបាននិយាយថា ៖ នេះគឺជាចម្រៀងមួយដែលមានអត្ថន័យល្អ ដែលច្រៀងឲ្យមនុស្សមានការប្រយ័ត្នប្រយែងជាងមុនចំពោះលុយកាក់ ត្រូវចៀសវាងចំណាយលើសនិងជាប់បំណុល ឈប់ឆ្កួតនឹងលុយ គិតឲ្យបានពីរដងមុននឹងចំណាយ សន្សំលុយ និងមានច្រើនទៀត។ 

តាមរយៈបទពិសោធន៍នៃការជួលកម្មវិធីវិទ្យុរបស់យើង និងអ្នកសិល្បៈល្បីនៅក្នុងប្រទេសកម្ពុជា យើងបានរកឃើញថា តន្ត្រី ទោះបីជាវាចម្លែកក្តី ក៏មានសក្តានុពលគ្របដណ្តប់ទៅដល់មនុស្សជំនាន់ថ្មីដែរ។ រហូតមកដល់បច្ចុប្បន្ននេះ មានលទ្ធផលជាច្រើនបញ្ជាក់អះអាងថា វិទ្យុនិងការផ្សព្វផ្សាយវីដេអូលើបណ្តាញសង្គម អាចធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់មនុស្ស និងពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា។ 

រួមគ្នាជាមួយសកម្មភាពជាប្រពៃណីជាច្រើនទៀត ដូចជា ចំណាត់ការគោលនយោបាយដើម្បីគ្រប់គ្រងហានិភ័យនិងស្ថេរភាពក្នុងវិស័យហិរញ្ញវត្ថុ ការផ្ញើសារដោយផ្ទាល់ទៅកាន់អតិថិជនហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រយ័ត្នប្រយែង ក៏អាចរួមចំណែកក្នុងការធ្វើឲ្យយើងសម្រេចគោលបំណងផ្នែកហិរញ្ញវត្ថុរបស់យើងបានដែរ។ ប្រសិទ្ធិភាពនៃការផ្សព្វផ្សាយឲ្យទៅដល់មហាជនរបស់វិធីសាស្ត្រនេះ នឹងចាំបាច់ត្រូវត្រួតពិនិត្យតាមដានដោយប្រយ័ត្នប្រយែង ដើម្បីរៀនសូត្របន្ថែមទៀតអំពីផលប៉ះពាល់របស់វា។

Add new comment