ឥឡូវកម្ពុជាគឺជាប្រទេសដែលសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតទាប៖ តើមានន័យយ៉ាងណា?

|

This page in:

កំណើនសេដ្ឋកិច្ចរយ:ពេលពីរទសវត្សបានជួយកម្ពុជាឲ្យក្លាយជាប្រទេសឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រ។ ជោគជ័យលើទិដ្ឋភាពនេះមានន័យថាប្រជាជាតិអាស៊ីអគ្នេយ៍មួយនេះបានជំនះសង្គ្រាមស៊ីវិលដ៏អាក្រក់ ហើយឥឡូវត្រូវបានក្រុមធនាគារពិភពលោក (WBG)​ ចាត់ថ្នាក់ថាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
 
ប្រព័ន្ធចាត់ថ្នាក់ថ្មីឆ្នាំនេះមានមូលដ្ឋានផ្អែកលើកម្រិតគោលដែល​ WBG បង្កើតឡើងក្នុងប្រព័ន្ធមួយមានប្រភពនៅក្នុងឯកសារឆ្នាំ1989 របស់ខ្លួន ដែលគូសបញ្ជាក់វីធីសាស្រ្តនេះ។​  តារាងខាងក្រោមបង្ហាញកម្រិតផ្សេងគ្នានៃការចាត់ថ្នាក់ផ្អែកលើចំណូលជាតិដុល (GNI):

 
កម្រិតគោល GNI កក្កដា 2016
ចំណូលទាប
ចំណូលមធ្យមកម្រិតទាប $1,026 - $4,035
ចំណូលមធ្យមកម្រិតខ្ពស់ $4,036 - $12,475
ចំណូលខ្ពស់ > $12,476
 
យោងតាមតួលេខដែលបោះផ្សាយដោយ WBG កាលពីថ្ងៃទី 1 ​ខែ កក្កដា ឆ្នាំ 2016 ​GNI ក្នុងពលរដ្ឋម្នាក់ៗនៅឆ្នាំ ២០១៥ ស្មើនឹង 1.070 ដុល្លារ។ តួលេខនេះមានចំនួនលើសពីកម្រិតគោលដែលស្មើនឹង 1.025 ដុល្លារ សម្រាប់បណ្តាប្រទេសដែលមានចំណូលទាប សម្រាប់ឆ្នាំសារពើពន្ធ 2017 របស់​ WBG។
 
ចំណាត់ថ្នាក់កម្រិតគោលទាំងនេះ ​ ត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំដើម្បីគិតបញ្ចូលនូវអត្រាអតិផរណារបស់បណ្តាប្រទេសនានាដែលរូបិយប័ណ្ណនៃប្រទេសទាំងនោះ ត្រូវបានដាក់បញ្ចូលក្នុងសំណុំរូបិយវត្ថុនៃប្រាក់បម្រុងអន្តរជាតិ (SDRs) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
 
តើក្រុមធនាគារពិភពលោក (WBG) ចាត់ថ្នាក់ប្រទេសនានាយ៉ាងដូចម្តេច?
 
ក្រុមធនាគារពិភពលោកចាត់ថ្នាក់សេដ្ឋកិច្ចប្រទេសនានាទៅតាមតំបន់ភូមិសាស្រ្ត តាមប្រាក់ចំណូលរបស់ពលរដ្ឋ​ម្នាក់ៗ និងតាមប្រភេទនៃការ​ ផ្តល់ប្រាក់កម្ចីផ្នែកប្រតិបត្តិការ។ ព័ត៌មានលម្អិតបន្ថែមមាននៅទីនេះ ប៉ុន្តែចំណុចមួយដែលខ្ញុំចង់សង្កត់ធ្ងន់ក្នុងអត្ថបទនេះគឺប្រាក់ចំណូល - ជាពិសេស ប្រទេសនានាត្រូវបានចាត់ថ្នាក់តាមរយ:ការប្រើចំណូលជាតិដុល​ (GNI)​ ក្នុងពលរដ្ឋម្នាក់ៗ។
 
GNI ក្នុងពលរដ្ឋម្នាក់ៗជាសូចនាករអាចរកបានងាយស្រួល គឺថានៅពេលត្រូវបាន​បម្លែងទៅជារូបិយប័ណ្ណរួមមួយ គេអាចប្រៀបធៀបបានរវាងប្រទេសនឹងប្រទេស។ យើងបានជ្រើសយកប្រាក់ដុល្លារអាមេរិកធ្វើជារូបិយប័ណ្ណរួម ដោយមានការកែតម្រូវ​ ដើម្បីជៀសវាងការបង្កបញ្ហានៅពេលដែលអត្រាប្តូរប្រាក់​ ប្រែប្រួលតាមបែបមួយរស់រវើក។​ យើងហៅការកែតម្រូវនេះថាជា "វិធីសាស្ត្រ Atlas"។
 
GNI មានលក្ខណ:ខុសគ្នាបន្តិចពីសូចនាករក្នុងក្រុមដូចគ្នាដែលគេស្គាល់ច្បាស់ជាង នោះគឺផលិតផលក្នុងស្រុកសរុប (GDP) (ឬ ផសស) ទោះបីជាសូចនាករទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាក្តី។ សម្រាប់ព័ត៌មានបន្ថែមថាហេតុអ្វីបានជា GNI ក្នុងពលរដ្ឋម្នាក់ៗត្រូវបានយកមកប្រើ សូមមើលនៅទីនេះ។ 
 
តើចំណុចនេះមានន័យយ៉ាងណា?
 
ប្រព័ន្ធចាត់ថ្នាក់គឺជារង្វាស់មួយដ៏មានប្រយោជន៍អំពីវឌ្ឍនភាពលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។ កំណើនសេដ្ឋកិច្ចរឹងមាំ ជាមធ្យមស្មើ 7,6 ​    ភាគរយក្នុងមួយឆ្នាំ ក្នុងអំឡុងពីរទសវត្សរ៍កន្លងមក បានប្រែក្លាយកម្ពុជាពីប្រទេសមួយនៃបណ្តាប្រទេសក្រីក្របំផុតលើពិភពលោកទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនាថ្ងៃនេះ។ សូមអានសេចក្ដីលម្អិតបន្ថែមនៃការអភិវឌ្ឍសេដ្ឋកិច្ចកាលពីពេលថ្មីៗ(នៅត្រង់នេះ) ។  
 
អត្រានៃភាពក្រីក្រធ្លាក់ចុះពី 53,0 ភាគរយ ក្នុងឆ្នាំ 2004 មកត្រឹម 20,5 ភាគរយ ក្នុងឆ្នាំ 2011 លើសពីការរំពឹងទុកទាំងឡាយ និងលើសយ៉ាងច្រើនពីចំណុចដៅភាពក្រីក្រនៃគោលដៅអភិវឌ្ឍន៍ប្រចាំសហស្សវត្សរ៍របស់កម្ពុជា។ ក្នុងចំណោម​ 69 ប្រទេស ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបាន​ ពីឆ្នាំ 2004 ដល់ឆ្នាំ 2008 កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទីបួនលើការកាត់បន្ថយភាពក្រីក្រលឿនបំផុតក្នុងពិភពលោក។ សូមមើលសេចក្ដីលម្អិតបន្ថែមអំពី   សមិទ្ធិផលរបស់ប្រទេសកម្ពុជាស្តីពីការកាត់បន្ថយភាពក្រីក្រនៅត្រង់នេះ។ នៅឆ្នាំ 2013 អត្រានៃភាពក្រីក្របានធ្លាក់ចុះដល់ 10 ភាគរយ ហើយត្រូវបានរំពឹងថានឹងមានការកាត់បន្ថយភាពក្រីក្របន្ថែមទៀតសម្រាប់គ្រួសារ ទាំងនៅទីក្រុង​ និងនៅជនបទ ពីឆ្នាំ 2015​​ ដល់​ 2016។​ ទោះជាយ៉ាងណាក្តី កិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ​ ជាពិសេស​ នៅតែជាបញ្ហាប្រឈម និងជាអាទិភាពក្នុងការអភិវឌ្ឃន៍សម្រាប់កម្ពុជាដដែល (សូមអានព័ត៌មានបន្ថែមនៅត្រង់នេះ)។
 
ក្នុងឋាន:ជាប្រទេសមានចំណូលមធ្យមកម្រិតទាប​ កម្ពុជានៅតមានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)​ ជាមូលនិធិរបស់ WBG សម្រាប់ប្រជាជាតិក្រីក្របំផុត។ សូមមើលសេចក្ដីលម្អិតបន្ថែមអំពីសិទ្ធិទទួលបានប្រាក់កម្ចីពី IDA នៅត្រង់នេះ។ សិទ្ធិទទួលបានការគាំទ្រពី IDA ទីមួយនិងសំខាន់បំផុត គឺអាស្រ័យលើភាពក្រីក្ររបស់ប្រទេស ដែលត្រូវបានកំណត់ថា ជា GNI ក្នុងមួយពលរដ្ឋម្នាក់ៗ​ ទាបជាងកម្រិតកំណត់មួយ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំសារពើពន្ធ 2017 កម្រិតគោលដើម្បីមានសិទ្ធិខ្ចីប្រាក់ពី IDA គឺ1.185 ដុល្លារ ។ បន្ថែមលើ​ GNI ក្នុងពលរដ្ឋម្នាក់ៗ នៅមានកត្តាផ្សេងៗទៀត ដូចជា​ ភាពជឿទុកចិត្ត គោលនយោបាយ និងបរិយាកាសស្ថាប័ន ព្រមទាំងសូចនាករសេដ្ឋកិច្ច​ និងសង្គមផ្សេងៗទៀត - ដែលត្រូវបានពិនិត្យ និងវាយតម្លៃក្នុងការកំណត់សិទ្ធិដើម្បីទទួលបានការគាំទ្រពី IDA។

Authors

Join the Conversation